Wednesday, September 13, 2017

ឃាត់ខ្លួន​ឧកញ៉ាម្នាក់ ពាក់​ពន្ធ​ចេញ​សែក​ស្អុយ​ជាង​១​លាន​ដុល្លារ​អាមេរិក

(ភ្នំពេញ)៖ សមត្ថកិច្ច​នគ​បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​ព្រលប់​ថ្ងៃទី​១២​ខែ កញ្ញា បាន​ឃាត់ខ្លួន​ឧកញ៉ា ជួប ច័ន្ទ ដែល​គេ​ច្រើន​ស្គាល់​ថា ជា​ឧកញ៉ា​រកស៊ី​ទិញ​លក់​ដី ពាក់ព័ន្ធ​ករណី​ចេញ​មូលប្បទានប័ត្រ​អត់​សាច់ប្រាក់​(​សែក​ស្អុយ​)​ជាង​មួយ​លាន​ដុល្លារ​អាមេរិក​ឲ្យ​កូនប្រុស​លោក​ឧកញ៉ា គឹម ហាប់ ។​
​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ឧកញ៉ានេះកំពុងត្រូវ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​។​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា លោក លីវ វុទ្ធី តំណាង​ឲ្យ​ក្រុមហ៊ុន គឹម កៅ ដែលជា​កូនប្រុស​លោក​ឧកញ៉ា គឹម ហាប់​បានដាក់​ពាក្យ​ប្តឹង​លោក​ឧកញ៉ា ជួប ច័ន្ទ ពីបទ​ចេញ​មូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់​ចំនួន​ជាង​១​លាន​ដុល្លារ​អាមេរិក ។​
ប្រភព​បន្តថា​ករណី​ចេញ​មូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់​នេះ​គឺ ឧកញ៉ា ជួប ច័ន្ទ បាន​រកស៊ី​ជាមួយ ក្រុមហ៊ុន​លោក​ឧកញ៉ា គឹម កៅ លើទឹក​ប្រាក់​ប្រមាណ​៣​លាន​ដុល្លារ​អាមេរិក​។ ប៉ុន្តែ​ក្រោយមក លោក​ឧ​ញ៉ា គឹម កៅ បាន​ទារប្រាក់​នេះ​វិញ ទើប​ឧកញ៉ា ជួប ច័ន្ទ ចេញ​សែក​ឲ្យ​ទៅ​ឧកញ៉ា គឹម កៅ ដែលមាន​ទឹកប្រាក់​ជាង​១​លាន​ដុល្លារ​អាមេរិក ដោយបាន​កំណត់​ឲ្យ​ទៅ​បើ​កនៅ​ធនាគារ​នៅ​ថ្ងៃទី​៣០ ខែកក្កដា​ឆ្នាំ ២១០៧​។ ប៉ុន្តែ​ពេល​ភាគី​ឧកញ៉ា គឹម កៅ យក​សែក​ទៅ​បើក​លុយ ស្រាប់តែ​ខាង​ធនាគារ​បញ្ជាក់​មកវិញ​ថា​មូលប្ប​ទាន​ប័ត្រ​នេះ​គ្មាន​សាច់ប្រាក់​ទេ ។
​ក្រោយ​បានទទួល​ពាក្យបណ្តឹង​របស់លោក លីវ វុទ្ធី​រួចហើយ​សមត្ថកិច្ច​បាន​អញ្ជើញ ឧកញ៉ា ជួប ច័ន្ទ ឲ្យ​ចូល​បំភ្លឺ​លើ​ពាក្យបណ្តឹង​នេះ​។​ប៉ុន្តែ​ពេល​ឧកញ៉ា ជួប ច័ន្ទ ចូល​បំភ្លឺ​ក៏ត្រូវ​សម​ត្ត​កិច្ច​ឃាត់ខ្លួន​តែម្តង​ដោយ​យោងតាម​ការឯកភាព​ពី​លោក​ស៊ិន វិ​រៈ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ៕​

No comments:

Post a Comment